ការធ្វើចំណីនៅផ្ទះអាចជួយកាត់បន្ថយថ្លៃដើមផលិតកម្ម និងទទួលបានប្រាក់ចំណេញកាន់តែច្រើនសម្រាប់ការចិញ្ចឹមមាន់
Published: 20 កុម្ភៈ 2023 Reading time: មួយនាទីកសិករ អុក ណែម មាសនអាយុ ៤៥ឆ្នាំ រស់នៅភូមិស្រែចង់ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ បងស្រី ណែម ជាសមាជិកសហគមន៍ព្រៃឈើនៃតំបន់ព្រៃឡង់បៃតងដែលបានចូលរួមក្នុងគម្រោង Dev4SCALE តាំងពីឆ្នាំ 2022។ ។ សព្វថ្ងៃក្រៅពីការចិញ្ចឹមមាន់ គាត់មានមុខរបរកសិកម្មមានដូចជាៈ ដំណាំដំឡូង ធ្វើស្រែ និងចិញ្ចឹមសត្វ (ក្របី និងចិញ្ចឹមមាន់)។
កាលពីមុនបានចូលជាមួយគម្រោង ខ្សែច្រវ៉ាក់ផលិតកម្មមាន់ស្រែ ដើម្បីចូលរួមលើកកំម្ពស់ជីវភាពសហគមន៍ ក្រោមគម្រោងព្រៃឡង់បៃតង អនុវត្តន៍ដោយអង្គការភីន ដែលបានគាំទ្រថវិកាពីប្រជាពលរដ្ឋអាមេរិច។ បងស្រី ណែម ជាកសិករធម្មតាដែលមានមុខរបស់កសិកម្មតាមទម្លាប់ធម្មតា ដោយចិញ្ចឹមមាន់តាមទម្លាប់ប្រលែងធម្មតា ដែលមិនបានហូប និងមិនទទួលបានប្រាក់ចំណូលសម្រាប់គ្រួសារឡើយ។
កាលពីខែ កុម្ភៈ ឆ្នាំ ២០២២,បន្ទាប់ពីបុគ្គលិកគម្រោងបានប្រជុំប្រកាសផ្សព្វផ្សាយ និងជ្រើសរើសកសិករដើម្បីចូលរួមជាមួយគម្រោង ខ្សែច្រវ៉ាក់ផលិតកម្មមាន់ស្រែ ដើម្បីចូលរួមលើកកំម្ពស់ជីវភាពសហគមន៍។ គាត់បានចូលរួមសហការជាមួយគម្រោង ដោយបានចូលរួមវគ្គបណ្តុះបណ្តាលការរៀបចំផែនការអាជីវកម្ម បច្ចេកទេសចិញ្ចឹមមាន់ ទស្សនកិច្ចសិក្សា និងកិច្ចប្រជុំផ្សេងៗទៀតរបស់គម្រោង។ គាត់ត្រូវបានផ្តល់ជំនួយពីគម្រោងដូចជាៈ ស្នូកទឹក ស្នូកចំណី ថ្នាំសម្លាប់មេរោគ សំណាញ់អ៊ួន និងកូនមាន់ចំនួន៧០ ក្បាល ដើម្បីដាក់ដំណើការចិញ្ចឹមមាន់របស់គាត់ ដោយមានការចូលរួមទុនរបស់គាត់ដូចជា ការធ្វើរោង៤ប្រឡោះ និងរៀបដីសម្រាប់ដាំដំណាំចំណីសត្វ ដែលគម្រោងបានណែនាំ។
ក្នុងរយៈពេល៣ខែកន្លងមកគាត់បានអនុវត្តន៍បច្ចេកទេសដែលគាត់បានរៀនពីគម្រោងដូចជា ការគ្រប់គ្រង ការផ្តល់ចំណី ការថែទាំ ការធ្វើអនាម័យ ការការពារ និងព្យាបាល រួមជាមួយការគាំទ្របច្ចេកទេស និងលើកទឹកចិត្តពីបុគ្គលិកគម្រោង ការចិញ្ចឹមមាន់វគ្គទី១របស់គាត់ចំនួន៧០ក្បាល អាចលក់បាន ១,១៩០,០០០ រៀលស្មើេរនឹង ៧០គីឡូក្រាម និងនៅសល់មាន់សម្រាប់ហូបចំនួន ១០ ក្បាលទៀត ដែលចំណាយអស់សរុបអស់ ៦១០,០០០ រៀល។
ក្រោយពីបានលក់រួចលើកទី១មានដំណើការល្អ គាត់បានទិញកូនមាន់ចំនួន ១០០ក្បាលនៅដើមខែ ធ្នូ ឆ្នាំ២០២២ និងមានផែនការទិញបន្ថែមចំនួន ១០០ ក្បាលទៀតនៅពាក់ កណ្តាលខែ មករា ឆ្នាំ ២០២៣ ដើម្បីដាក់ចិញ្ចឹមបន្តគ្នា។ នៅវគ្គនេះគាត់បាន រៀបចំផែនការដើម្បីកាត់បន្ថយថ្លៃដើមផលិតបានច្រើន ដូចជាៈ ការធ្វើមេចំណីប្រូតេអីន (កូនត្រីផ្អាប់) វីតាមីន និងថ្នាំការពារធម្មជាតិ និងជាពិសេសការដាំដំណាំចំណីសត្វដូចជាៈ ដាំចកអាស៊ូឡា ត្រកួន ស្ពៃ និងឆៃយ៉ា នៅជុំវិញផ្ទះ ដោយប្រើបច្ចេកទេសលាយចំណីតាមគម្រោង។ ក្រោយពីចិញ្ចឹមមានទទួលបានជោគជ័យ គាត់បានជួយណែនាំ និងវិធីសាស្ត្រផ្សេងៗលើបច្ចេកទេសចិញ្ចឹមមាន់ទៅអោយអ្នកជិតខាង និងសមាជិកក្រុម។
បន្ថែមពីលើការមានបច្ចេកទេសចិញ្ចឹមត្រឹមត្រូវ និងបង្កើតប្រាក់ចំណូលបន្ថែម ការរក្សាកំណត់ត្រា និងតាមដានការចំណាយអាជីវកម្ម គឺជាអត្ថប្រយោជន៍សម្រាប់អាជីវកម្មរបស់នាង។គាត់តែងតែចែករំលែកចំណេះដឹងអំពីវិធីចិញ្ចឹមមាន់ និងបច្ចេកទេសចិញ្ចឹមមាន់ដល់អ្នកជិតខាង និងសមាជិកដើម្បីរកប្រាក់ចំណូល ជាពិសេសលើកទឹកចិត្តឱ្យពួកគេចូលរួមប្រជុំ និងបណ្តុះបណ្តាលតាមលទ្ធភាព។ បងស្រីមានប្រសាសន៍ថា ''ខ្ញុំពិតជាមានអរគុណចំពោះការគាំទ្ររបស់គម្រោង ជីវភាពគ្រួសាររបស់យើងមានភាពប្រសើរឡើងជាមួយនឹងប្រភពចំណូលថ្មីនេះ''។